ស្រ្ដីជនជាតិអាមេរិកពីររូប អ្នកស្រី Daniela Papi និង អ្នកស្រី Greta Arnquist បានបង្កើតគម្រោងជិះកង់ផ្សងព្រេងក្នុងប្រទេសកម្ពុជា ហើយបានសម្រេចចិត្តរៃអង្គាសថវិកា ដើម្បីគាំទ្រការអភិវឌ្ឍការអប់រំនៅកម្ពុជា ។ ការនោះផេពភីត្រូវបានឱ្យឈ្មោះជាលើកដំបូងថា «The PEPY Ride» ហើយពាក្យថាផេពភី មានន័យថា «ការពារផែនដី គឺការពារខ្លួនអ្នក» ព្រោះពួកគេមានគម្រោងបង្រៀនពីទំនាក់ទំនងរវាងបរិស្ថាន និងសុខភាព កំឡុងពេលដំណើរការបេសកកម្មរបស់ពួគេ។
ក្រុមការងារបានរៃអង្គាសថវិកាគ្រប់គ្រាន់សម្រាប់គាំទ្រដល់ការសាងសង់ អាគារសិក្សាជាច្រើន ដែលមានទាំងសាលា និងផ្ទះស្នាក់សម្រាប់គ្រូបង្រៀន នៅក្នុងសាលាចន្លាសដៃ ដោយសហការដៃគូជាមួយ អង្គការដែលស្ថិតក្នុងទីក្រុងភ្នំពេញ ឈ្មោះ ថា American Assistance for Cambodia។
ប៉ុន្មានខែមុនពេលព្រឹត្តិការណ៍ជិះកង់ អ្នកស្រី Daniela បានមកប្រទេសកម្ពុជាដើម្បីរៀបចំផែនការក្នុងព្រឹត្តិការណ៍ជិះកង់នេះ។ អ្នកស្រីបានយល់ឃើញថា នៅក្នុងសាលាចន្លាសដៃ ដែលពួកគាត់បានសាងសង់នោះគឺនៅទទេ! ដូច្នេះពួកគាត់បានយល់ច្បាស់ពីបទពិសោធន៍នេះ ចំពោះការអភិវឌ្ឍន៍មួយនេះដូចជា៖
អាគារមិនអាចបង្រៀនមនុស្សបានទេ មានតែមនុស្សទេដែលអាចបង្រៀនបាន។
ពួកគាត់យល់ថា ប្រសិនបើពួកគេចង់រៃអង្គាសថវិកា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ការអប់រំនៅប្រទេសកម្ពុជា ដំបូងគឺត្រូវការដាក់ទុនទៅលើធនធានមនុស្សគឺពិតជាមានសារៈសំខាន់ណាស់។
ដើម្បីរៃអង្គាសថវិកាបន្ថែម និងលើកកម្ពស់ការយល់ដឹងអំពីការអប់រំ អ្នកស្រី Daniela ហើយនិងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ បានរៀបចំព្រឹត្តិការណ៍រៃអង្គាសថវិកាជាបន្ដបន្ទាប់តាមរយៈអ្នកស្ម័គ្រចិត្ត និងធ្វើការជាមួយអង្គការ American Assistance for Cambodia ក្នុងការចាប់ផ្ដើមថ្នាក់ភាសាអង់គ្លេស និងថ្នាក់កុំព្យូទ័រ នៅក្នុងសាលាបឋមសិក្សាចន្លាសដៃ។ លទ្វផលនៃការជួយគាំទ្រទាំងនេះ បានបង្ហាញថា្យសិស្សានុសិស្សអាចចេះភាសាអង់គ្លេសប្រសើរជាងមុន ប៉ុន្ដែការអាន និងសរសេរភាសាខ្មែររបស់គាត់នូវមានកម្រិតទាប។ ដើម្បីជំរុញភាសាខ្មែរឱ្យកាន់តែមានកម្រិតខ្ពស់ក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ក្រុមការងារបានសម្រេចចិត្តចុះឈ្មោះជាអង្គការមួយដាច់ដោយឡែក ។
អ្នកស្រី Daniela បានសម្រេចចិត្តស្នាក់នៅប្រទេសកម្ពុជាយូរជាងមុន ហើយបានជួលនិយោជិក ជាគ្រូបង្រៀនភាសាអង់គ្លេស និងគ្រូកុំព្យូទ័រ ដើម្បីធ្វើការនៅសាលាបឋមសិក្សាចន្លាសដៃ។
យើងបានចុះឈ្មោះផេពភីជាអង្គការអន្ដរជាតិនៅក្នុងប្រទេសកម្ពុជា! Maryann Bylander បានចូលរួមជាក្រុមអ្នកដឹកនាំ ក្នុងការគាំទ្រផេពភីឱ្យមានការរីកចម្រើនចាប់ពីគម្រោងតូចៗ រហូតក្លាយទៅជាអង្គរការដែលមានស្ដង់ដានិងប្រកបដោយវិជ្ជាជីវៈ។ យើងបានផ្តល់វគ្គសិក្សាភាសាអង់គ្លេស កុំព្យូទ័រ បណ្ណាល័យ និងកម្មវិធីភាសាខ្មែរ។ កម្មវិធីលើកទឹកចិត្តគ្រូឆ្នើមក៏ត្រូវបានអនុវត្តផងដែរដើម្បីលើកទឹកចិត្ត ការវាយតម្លៃរបស់គ្រូ/ការផ្តល់ជូនរង្វាន់លើកទឹកចិត្តសម្រាប់ការខិតខំបង្រៀនដោយយកចិត្តទុកដាក់ និងមានក្រមសីលធម៌ល្អ។ ជាចុងក្រោយគម្រោង the Bike to School ត្រូវបានចាប់ផ្ដើមឡើង ហើយបានផ្ដល់ជូនកង់ដល់សិស្សានុសិស្សដែលរៀនចប់ថ្នាក់ទី៦ បានប្រើប្រាស់ដើម្បីបន្ដការសិក្សារបស់ពួកគេជិះទៅរៀនថ្នាក់អនុវិទ្យាល័យ។
ដោយមើលឃើញថា ការដឹកនាំនេះចាំបាច់ត្រូវការអ្នកដឹកនាំជាជនជាតិខ្មែរ ហេតុដូច្នេះហើយ អ្នកស្រី Aline Meas Vanna បានជ្រើសរើសនាយកប្រចាំប្រទេសលើកដំបូង ហើយបានធ្វើការដើម្បីបំពេញតម្រូវការរយៈពេលវែងសម្រាប់តំបន់ចន្លាសដៃ។
ក្រោមការដឹកនាំរបស់ Aline’ កម្មវិធីអប់រំសហគមន៍ បានចាប់ផ្ដើមកកើតឡើង ។ កម្មវិធីទី១ គឺ កម្មវិធី Child to Child ដែលសិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សា បានចូលរួមជាមួយកម្មវិធីភាពជាអ្នកដឹកនាំដោយមានសកម្មភាពដូចជា ក្មេងៗធ្វើការជាក្រុមដើម្បីឈ្វេងយល់ពីបញ្ហាប្រឈមក្នុងសហគមន៍ ការស្វែងរកដំណោះស្រាយ និងការគាំទ្រយ៉ាងសកម្មទៅលើការដោះស្រាយគម្រោងទាំងនោះ។
កម្មវិធីទី២គឺ Literacy Camp ដែលយើងធ្វើការអញ្ជើញគ្រូមកពីជុំវិញប្រទេសដើម្បីមកធ្វើការបណ្ដុះបណ្ដាលកម្មវិធីភាសាខ្មែរ ដល់សិស្សានុសិស្សតាមរយៈការផ្ដល់ ការបង្រៀននិងការបណ្ដុះបណ្ដាលដែលមានលក្ខណៈអន្តរកម្ម និងបណ្ដុះការចូលរួម។ បន្ថែមពីលើនេះ ផេពភីបានសហការដៃគូជាមួយអង្គការក្នុងស្រុក ដើម្បីគាំទ្រគម្រោងលើកកម្ពស់ជីវភាពរស់នៅ បរិស្ថាន និងអនាម័យ ជាបន្តបន្ទាប់ក្នុងសហគមន៍ផងដែរ។
យើងបានដាក់ដំណើរការ PEPY Tours ជាអង្គភាពមួយដាច់ដោយឡែក ដោយរចនាឡើងដើម្បីគាំទ្រដល់ការងាររបស់ផេពភី និងបញ្ជ្រាបភ្ញៀវទេសចរឱ្យយល់ដឹងអំពីការអភិវឌ្ឍន៍អន្ដរជាតិ។
គម្រោង បណ្ណាល័យ បានចាប់ផ្ដើមដោយមានការសហការជាមួយនិង អង្គការ Room to Read ដោយការផ្ដល់សៀវភៅដល់កុមារ និងបណ្ដុះបណ្ដាលគ្រូបង្រៀនក្នុងការប្រើប្រាស់សៀវភៅជា់ឧបករណ៍ជំនួយដល់ការបង្រៀន ក្នុងសាលាចំនួនជាង១០ ដែលស្ថិតនៅឃុំចំនួន៣ ។
អំឡុងពេលនោះដែរ អាគារចំនួន៤ បន្ថែមទៀត បានសាងសង់ដោយមានការគាំទ្រពី ក្រុមការងាររបស់យើង និងជំនួយខ្លះទៀតពីដៃគូ Dubai Cares។ ផេពភីបានផ្តល់មូលនិធិដំបូងដល់អនុវិទ្យាល័យយដើម្បីសាងសង់អាគារនៅក្នុងអនុវិទ្យាល័យចន្លាសដៃ។ ពីមុនមក មានសិស្សានុសិស្សត្រឹមតែពីរទៅបីនាក់ប៉ុណ្ណោះ ដែលបានបន្តទរៀនអនុវិទ្យាល័យ ដែលនេះមិនទាន់រាប់បញ្ចូលទាំង្យកម្រិតវិទ្យាល័យផងទេ ហេតុនេះហើយទើបយើងធ្វើការសម្រេចចិត្ត ផ្លាស់ប្ដូរថ្នាក់ភាសាអង់គ្លេសបញ្ចូលទៅថ្នាក់អនុវិទ្យាល័យវិញ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សវ័យធំដទៃទៀតបានចូលរៀនថ្នាក់ភាសាអង់គ្លេសដែរ។
ប្រព័ន្ធសូឡាត្រូវបានតម្លើង ចំណែកថ្នាក់កុំព្យូរទ័រក៏បានបញ្ចូលទៅថ្នាក់អនុវិទ្យាល័យ ហើយបានធ្វើសមាហរ័ណ ទៅជាកម្មវិធីថ្នាក់រៀនបែបច្នៃប្រឌិតដែលផ្ដល់ការបណ្ដុះបណ្ដាលជំនាញការគិតបែបស៊ីជម្រៅ និងមានភាពច្នៃប្រឌិត ក៏ដូចជាការស្រាវជ្រាវផងដែរ។
ក្នុងផ្នែកមួយនៃដំណើរការសាងសង់អាគារ យើងបានបង្កើតកម្មវិធីមួយហៅថា PSDP ដែលកម្មវិធីនេះផងដែរគឺផ្តោតសំខាន់ទៅលើ មធ្យោបាយប្រកបដោយនិរន្ដរភាព ដើម្បីគាំទ្រសាលារដ្ឋ។ យើងបានជួល
Andrea Messmer ដើម្បីជួយក្នុងការអនុវត្តន៍គម្រោងនេះ ហើយគាត់ក្លាយជាសមាជិកផេពភីដ៏សំខាន់ ហើយក្រោយមកគាត់ក៏បានក្លាយជាក្រុមប្រឹក្សាភិបាលរបស់ផេពភី ។
យើងធ្វើការជាមួយអង្គការ BETT ដែលជាមូលនិធិអប់រំបង្កើតថ្មីឈ្មោះ Belgian-funded ហើយអង្គការ Room to Read ក៏បានចាត់ចែងសៀវភៅអានសម្រាប់ប្រើប្រាស់ ក្នុងសាលាបឋមសិក្សាទូទាំងប្រទេស
ហើយគាំទ្រការបោះពុម្ភផ្សាយជាថ្មីសម្រាប់សៀវភៅភាសាខ្មែរ សម្រាប់អ្នកអានកម្រិតដំបូងជាបន្ដបន្ទាប់។ លោកគ្រូអ្នកគ្រូក្នុងសាលាចន្លាសដៃក៏បានធ្វើការ ជាមួយក្រុមការងាររបស់យើង និងអង្គការ Room to Read ដើម្បីបោះពុម្ភផ្សាយសៀវភៅថ្មីផងដែរ។
ឆ្លងកាត់ការបណ្ដុះបណ្ដាលវគ្គសិក្សាជិតមួយឆ្នាំ អ្នកស្រី Daniela និង Maryann បានត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ហើយបានផ្លាស់ប្ដូរការដឹកនាំទៅជាប្រជានជនខ្មែរ ដាក់ដំណើរគម្រោងទៅជាអង្គការក្នុងស្រុក រយៈពេលវែង ។ ក្នុងពេលនោះដែរ យើងមានគណកម្មការគ្រប់គ្រងប្រតិបត្តិចំនួន បីរូប ។ ហើយពេលនោះដែរយើងមានសមាជិកចំនួន ៧០នាក់ នៅក្នុងស្រុកសៀមរាប និងស្រុកក្រឡាញ់។
ក្នុងខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០១១ ក្រុមប្រឹក្សាភិបាល និងអ្នកគ្រប់គ្រងទាំងអស់ ចាត់ទុកការវិវត្តន៍អនាគតរបស់អង្គការ ដោយការផ្លាស់ប្ដូរអង្គការអន្ដរជាតិទៅជាអង្គការក្នុងស្រុកវិញ ។ ការសម្រេចរួមគ្នានេះដែរ ពួកគាត់បានសម្រេចវាស់ស្ទង់កម្មវិធីមានស្រាប់ និងជ្រើសរើសតំបន់អាទិភាព ដែលអាចដំណើរការប្រកបដោយប្រសិទ្ធភាពដូចជា ការអភិវឌ្ឍន៍យុវជនជាដើម។ បន្ទាប់មកយើងបានផ្ដោតទៅលើការជួយសិស្សានុសិស្សកម្រិតវិទ្យាល័យដោយចូលរួមកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សា ហើយបង្កើនចំនួនសិស្សានុសិស្សបន្ត ការសិក្សាថ្នាក់ឧបត្តមសិក្សា នៅក្នុងស្រុកក្រឡាញ់។ កម្មវិធី Child to Child ត្រូវបានដកចេញ ហើយបានកាត់បន្ថយចំនួនបុគ្គលិកត្រឹម ៣០នាក់ ។ ការិយាល័យនៅក្នុងស្រុកក្រឡាញ់ត្រូវបានបិទ ហើយទីបញ្ជាការរបស់យើងបានប្ដូរមកក្រុងសៀមរាប។
អ្នកស្រីនុច គីមលីន ជាអតីតCFOនៃផេពភី និងសមាជិកគណកម្មការប្រតិបត្តិ ត្រូវបានតំឡើងតួនាទីជានាយកា។ យើងបានសម្រេចជ្រើសរើស ប្រធានកម្មវិធីថ្មីមួយទៀតដោយផ្ដោតលើ ការសិក្សាថ្នាក់ឧត្តមសិក្សា និងកម្មវិធីអាហារូបករណ៍ ដែលត្រូវបានសាកល្បងជាលើកដំបូងដែលមានសិស្សចំនួន២រូប។
អំឡុងពេលនោះដែរ មានសិស្សានុសិស្សនៃវិទ្យាល័យក្រឡាញ់តិចតួចណាស់ដែលបានប្រលងជាប់សញ្ញាបត្រទុតិយភូមិហើយត្រូវតាមលក្ខខណ្ឌជ្រើសរើសរបស់យើង ដើម្បីបន្ដការសិក្សានៅសាកវិទ្យាល័យ។
យើងបានមើលឃើញថា ការផ្ដល់អាហារូបករណ៍ដល់សិស្សតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ ពួកគេត្រូវការការគាំទ្រពីយើងចាប់តាំងពីថ្នាក់វិទ្យាល័យដើម្បីសម្រេចនូវការសិក្សាដែលពួកគេចង់បាន។
ដើម្បីឆ្លើយតបនិងតម្រូវការ យើងបានសាកល្បងអនុវត្តកម្មវិធីគ្រប់គ្រងក្ដីប្រាថ្នា និងកម្មវិធីអាហារូបករណ៍សម្រាប់សិស្សានុសិស្សវិទ្យាល័យ។ នៅក្នុងថ្នាក់គ្រប់គ្រងក្ដីប្រាថ្នា យើងបានផ្ដល់់ថ្នាក់សិក្សារៀងរាល់សប្ដាហ៍ដល់សិស្សានុសិស្ស ដែលមេរៀនទាំងនោះមានដូចជា ការកំណត់គោលដៅ ការរៀបចំខ្លួនទុកជាមុនក្នុងថ្នាក់វិទ្យាល័យ ដើម្បីត្រៀមខ្លួនក្នុងទីផ្សារការងារ និងដើម្បីបន្ដការសិក្សា ។
កម្មវិធីអាហារូបករណ៍របស់យើងបានផ្ដល់ជូនអាហារូបករណ៍ដល់សិស្សានុសិស្សចំនួន២០រូប ដែលមកពីស្រុកក្រឡាញ់ ហើយគម្រោងគ្រប់គ្រងក្ដីប្រាថ្នាក៏បានចាប់ផ្ដើមដោយជោគជ័យ។ នៅក្នុងឆ្នាំ២០១២ ់ភ្នាក់ងារការងារជាតិនៅក្នុងប្រទេសកម្ពុជា បានរៀបចំការវាស់ស្ទង់មតិទៅលើអាជីវកម្មក្នុងខេត្តសៀមរាប ដើម្បីរុករកបញ្ហាចម្បងទាក់ទងនឹងទីផ្សារការងារ។ គេបានរកឃើញថា មានការខ្វះខាតជំនាញជាចាំបាច់របស់សិស្សានុសិស្ស ពេលរៀនចប់ពីវិទ្យាល័យ និងសាកលវិទ្យាល័យទៅលើជំនាញ ភាសាអង់គ្លេស បច្ចេកវិទ្យា និងជំនាញទន់ ។
យើងចង់ធ្វើឱ្យប្រាកដថាសិស្សអាហារូបករណ៍របស់យើងទទួលបានជោគជ័យក្នុងការស្វែងរកការងារធ្វើបាន និងជួយបង្ហាញទៅកាន់សហគមន៍គោលដៅរបស់យើងថា ការដាក់ទុនលើការអប់រំអាចបង្កើតឱកាសដ៏មានន័យដល់យុវជនវ័យក្មេង។ បន្ទាប់ពីរៀបចំផែនការ និងអភិវឌ្ឍក្រុមការងារបន្ថែម យើងបានបង្កើត កម្មវិធីមជ្ឈមណ្ឌលបណ្ដុះបណ្ដាល មជ្ឈមណ្ឌលបណ្ដុះបណ្ដាលដើម្បីការត្រៀមខ្លួនសម្រាប់ការងារសម្រាប់យុវជន ៦០នាក់ក្នុងមួយឆ្នាំ (ដោយបូកបញ្ចូលសិស្សអាហារូបករណ៍របស់ផេពភី និងសិស្សថ្នាក់ពេញម៉ោង) ហើយផ្តោតសំខាន់លើ ភាសាអង់គ្លេស គម្រោងព័ត៌មានវិទ្យានិងសារគមនាគមន៍ និងការអភិវឌ្ឍន៍ជំនាញទន់។
គម្រោងអភិវឌ្ឍន៍សហគមន៍សម្រាប់សិស្សអាហារូបករណ៍ ក៏ត្រូវបានចាប់ផ្ដើមឡើងដើម្បីសិស្សានុសិស្សរបស់យើងអាចពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការគ្រប់គ្រងគម្រោង ខណៈដែលពួកគេកំពុងសិក្សាក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផេពភី ហើយក៏ជាផលជះវិជ្ជមានចំពោះការអប់រំរបស់ពួកគេឱ្យកាន់តែទូលំទូលាយទៅកាន់សហគមន៍របស់ពួកគេផងដែរ។ គម្រោងសហគមន៍នេះរួមមាន៖ អនាម័យ ការអប់រំ ការផ្ដោតសំខាន់ទៅលើការការពារបរិស្ថានដែលអនុវត្តផ្ទាល់ទៅសហគមន៍ផ្ទះរបស់សិស្សអាហារូបករណ៍ផ្ទាល់។
យើងបានធ្វើការវាយតម្លៃទៅលើគម្រោងអាហារូបករណ៍ គម្រោងគ្រប់គ្រងក្ដីប្រាថ្នា និងកម្មវិធីមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ដោយផ្ដោតទៅលើតែសិស្សថ្នាក់ទី ១០ ១១ និង១២ ដោយហេតុថាសិស្សក្រោមថ្នាក់នេះ ពិបាកយល់ពីផ្នត់គំនិតរបស់ថ្នាក់គ្រប់គ្រងក្ដីប្រាថ្នានេះ ។
គ្រូជនជាតិអៀរឡង់បានអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីបង្រៀនដំណើរការនៃកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ទៅកាន់បុគ្គលិកផេពភី ហើយបានផ្តល់ការគាំទ្រគម្រោងភាសាអង់គ្លេសនៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផេពភី។ មិត្តភាពនេះបានរីកលូតលាស់យ៉ាងឆាប់រហ័សរវាងក្រុមការងាររបស់យើង និងគ្រូជនជាតិអៀរឡង់ ហើយកម្មវិធីមួយនេះបានក្លាយជាកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ប្រចាំឆ្នាំ ដោយគ្រូអៀរឡង់មកធ្វើការផ្លាស់ប្ដូរបទពិសោធន៍បួនទៅប្រាំសប្ដាហ៍នៅផេពភី ហើយបុគ្គលិកផេពភី និងយុវជនត្រូវបានជ្រើសរើសឱ្យធ្វើដំណើរទៅកាន់ប្រទេសអៀរឡង់ ដើម្បីចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ មានដូចជាផ្ទះស្នាក់នៅ និងការផ្លាស់ប្ដូរវប្បធម៌ ជាមួយសាលា DPETNS។
យើងបានធ្វើការផ្លាស់ប្ដូរជាផ្លូវការពីអង្គការអន្ដរជាតិ សហរដ្ឋអាមេរិក លេខ៥០១c៣ ទៅជាអង្គការ្មោះកម្ពុជាចុះបញ្ជីជាអង្គការក្នុងស្រុក។ ហើយឈ្មោះអង្គការរបស់យើងត្រូវបានប្តូរទៅជា អង្គការលើកកម្ពស់យុវជន ហៅកាត់ថា ផេពភី ដឹកនាំដោយប្រជាជនកម្ពុជា សម្រាប់ប្រជាជនកម្ពុជា។ យើងក៏បានបង្កើតប្រធានក្រុមប្រឹក្សាភិបាលក្នុងស្រុក ព្រមគ្នាជាមួយការផ្លាស់ប្ដូរនេះផងដែរ។
ក្រោយការផ្លាស់ប្ដូរនេះបានបញ្ចប់ តួនាទីនាយកប្រត្តិបត្តិត្រូវបានផ្ទេរតួនាទីពីអ្នកស្រីនុច គីមលីម ទៅលោក រិទ្ធ សារ៉ាក់ ដែលគាត់ក៏បានបម្រើការនៅក្នុងគណៈកម្មាធិការប្រតិបត្តិរបស់យើងផងដែរនៅក្នុងខែកញ្ញា ឆ្នាំ២០១៥។
កម្មវិធីគ្រប់គ្រងក្ដីប្រាថ្នារបស់យើងបានទទួលបានការគាំទ្រយ៉ាងពេញលេញពីអង្គការសម្រេចសុបិនកុមារកម្ពុជា។ ការគាំទ្រនេះជួយយើងឱ្យពង្រីកតំបន់គោលដៅទៅកាន់វិទ្យាល័យ ២៨ មករា ដែលស្ថិតក្នុងស្រុកស្រីស្នំ។ សិស្សានុសិស្សចំនួន ៤៤៣នាក់ បានចុះឈ្មោះក្នុងថ្នាក់គ្រប់គ្រងក្ដីប្រាថ្នា ដែលមានសិស្សានុសិស្សចំនួន ១២៩រូបមកពីវិទ្យាល័យ ២៨ មករា! មន្ដ្រីគ្រប់គ្រងក្ដីប្រាថ្នារបស់យើង បានផ្ដោតសំខាន់ទៅលើការកសាងមិត្តភាព ជាមួយនាយកសាលា លោកគ្រូអ្នកគ្រូ ដើម្បីឱ្យមិត្តភាពរឹងមាំ ក្នុងភាពជាដៃគូ បង្កើតនិរន្តរភាពសម្រាប់កម្មវិធីនាពេលអនាគត។
យើងបានចាប់ផ្តើមភាពជាដៃគូជាមួយមូលនិធិ iHerb Charitable និងមូលនិធិ GoAhead បានជួយយើងឱ្យអាចពង្រីកកម្មវិធីអាហារូបករណ៍ទៅដល់ស្រុកចំនួនពីរបន្ថែមដូចជា៖ ស្រុកកំពង់លែង និងស្រុកតាំងគោក។
យើងបានបង្កើតដៃគូថ្មី និងពង្រីកកម្មវិធីអាហារូបករណ៍ និងកម្មវិធីគ្រប់គ្រងក្ដីប្រាថ្នា ទៅដល់វិទ្យាល័យវ៉ារិន ដែលស្ថិតក្នុងស្រុកវ៉ារិន។ សរុបមក យើងបានទទួលសិស្សអាហារូបករណ៍ចំនួន ៤០នាក់ដែលមកពីស្រុកចំនួន៥។ សមាជិកក្រុមការងាររបស់យើងក៏បានកើនឡើង ពី១៣នាក់ ទៅជា១៧នាក់។
នេះជាលើកដំបូងបំផុតដែលយើងអាចជ្រើសរើសមន្ដ្រីការតាមដាន និងវាយតម្លៃចំនួនម្នាក់ ដើម្បីវាយតម្លៃការគ្រប់គ្រងទិន្នន័យរបស់កម្មវិធីរបស់យើង និងវិវឌ្ឍសមត្ថភាពរបស់ផេពភី ដើម្បីវាយតម្លៃខាងក្នុងកម្មវិធីទាំងមូល។
យើងបានចាប់ផ្តើមសហការជាដៃគូថ្មីមួយជាមួយ អង្គការផេកកម្ពុជា ក្រោមគម្រោងនារីសកម្ម (WE Act) ដែលទទួលបានជំនួយពី USAID (ជំនួយពីពលរដ្ឋអាមេរិក) នៅក្នុងខែមីនា។ ការផ្ដោតសំខាន់លើគម្រោងសាកល្បងគឺសម្រាប់អ្នកចូលរួមជាយុវជន នៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់យើង ដើម្បីស្រាវជ្រាវ និងដំណើរការអភិវឌ្ឍន៍សហគមន៍ និងការផ្ដួចផ្ដើមគំនិតអាជីវកម្មថ្មី នៅក្នុងក្រុមការងារ។ យើងបានយល់់យ៉ាងឆាប់រហ័សថា គម្រោងខ្នាតធំមួយនេះ មិនសមស្រប និងមិនអាចអនុវត្តបានចំពោះសិស្សានុសិស្សអំឡុងពេលពួកគេកំពុងសិក្សារៀនសូត្រក្នុងឆ្នាំដំបូងបាននោះទេ។ បន្ថែមពីនេះទៅទៀត សមាជិកក្រុមការងាររបស់យើង មិនមានគុណសម្បត្តិគ្រប់គ្រាន់ ជាអ្នកសម្របសម្រួលវគ្គសិក្សាអាជីវកម្មនេះឡើយ។ យ៉ាងណាក៏ដោយ ដោយមូលហេតុ
ជំងឺ កូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ការគាំទ្រអ្នកបង្កើតការងារ និងការយកចិត្តទុកដាក់ចំពោះក្រុមការងារបានក្លាយជាភាពជាចាំបាច់។
នៅក្នុងខែតុលា យើងបានចូលជាគម្រោងមួយឆ្នាំពេញ ដោយទទួលការគាំទ្រពីអង្គការ Pact លើគម្រោងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងបានពង្រីកការិយាល័យថ្មីមួយទៀត ជាមួយកម្មវិធីថ្មីបំផុតរបស់យើង គឺកម្មវិធីយុវជនច្នៃប្រឌិត និងបណ្ដុះគំនិតអាជីវកម្ម។ កម្មវិធីនេះ បានជួយយើងក្នុងការនាំយកមកនូវបុគ្គលិកដែលមានជំនាញ និងបទពិសោធន៍ ដើម្បីដំណើរការកម្មវិធី បណ្ដុះគំនិតសហគ្រិនសង្គម និងកម្មវិធីវគ្គសិក្សាបច្ចេកវិទ្យាសម្រាប់អាជីវកម្ម។ កម្មវិធីថ្មី និងការិយាល័យថ្មីត្រូវបានបើកដំណើរការក្នុងខែធ្នូ ឆ្នាំ២០២០។
នៅក្នុងខែកុម្ភៈ ក្នុងឆ្នាំ២០២១ អ្នកស្រី ឃុត សុចំប៉ាវឌ្ឍន៍ ដែលជាអតីតក្រុមការងាររបស់យើង ហើយក៏ជាប្រជានក្រុមប្រឹក្សាភិបាល បានចាប់ផ្ដើមក្នុងតួនាទីថ្មីរបស់អ្នកស្រី ជានាយិកាគ្រប់គ្រង។ ក្នុងអំឡុងពេល ៦ខែនៃដំណើរការផ្ទេរតួនាទី អ្នកស្រីបានផ្ដោតសំខាន់លើ តម្រូវការកម្មវិធី និងនាំមកនូវគោលនយោបាយដើម្បីវិវឌ្ឍវិធីសាស្រ្ដក្នុងការបណ្ដុះបណ្ដាល នៅផេពភី។ ស្ថិតក្រោមការដឹកនាំរបស់អ្នកស្រី កម្មវិធីបណ្ដុះគំនិតអាជិវកម្មរបស់យើងបានពង្រីក និងដំណើរការដោយជោគជ័យ ហើយអ្នកស្រីក៏បានជួយវិវឌ្ឍ ផ្នែកធនធានមនុស្សផងដែរ។
កម្មវិធីរបស់យើងបានផ្លាស់ប្ដូរ ទៅជាការរៀនតាមប្រព័ន្ធអនឡាញ ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ហើយបានផ្ដល់ឱកាសដល់ក្រុមការងាររបស់យើងក្នុងការអភិវឌ្ឍន៍ និងពង្រឹងជំនាញបច្ចេកវិទ្យាបន្ថែម។ ដៃគូរបស់យើងអង្គការ ផេក កម្ពុជាដែលទទួលជំនួយពី USAID ក្រុមហ៊ុន Team4Tech ក្រុមហ៊ុន REVIVN មូលនិធិ iHerb Charitable បានដើរតួយ៉ាងសំខាន់ ក្នុងការជួយពួកយើងដោយការផ្ដល់ជូននូវបរិក្ខាបច្ចេកវិទ្យា ទៅដល់អ្នកចូលរួមកម្មវិធីរបស់យើង ដើម្បីជួយពួកគេក្នុងការបន្ដការអភិវឌ្ឍន៍ជំនាញ និងវិជ្ជាជីវៈ អំឡុងពេលការបន្តការបិទខ្ទប់។