កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៣អង្គការផេពភី បានរៀបចំព្រឹត្តិការណ៍នៃការចែករំលែកចំណេះដឹង និងបទពិសោធន៍មួយនៅវិទ្យាល័យក្រឡាញ់។ ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងដើម្បី ចូលរួមជួយសម្រាលដល់ក្តីកង្វល់របស់សិស្សដែល កំពុងសិក្សាក្នុងថ្នាក់ទី ៩ និង ១២ ដែលពួកគាត់ពុំ ទាន់ដឹងច្បាស់ថា គួរធ្វើអ្វី ដើម្បីសម្រេចបានដល់ក្តីប្រាថ្នា របស់ខ្លួនខណៈពេលដែល កំពុងសិក្សា និងបញ្ចប់ថ្នាក់ វិទ្យាល័យ។ ព្រឹត្តិការណ៍បានដំណើរការ ចាប់ពីម៉ោង ៧ និង៣០នាទី ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ដោយមាន វាគ្មិនចំនួន៤នាក់ ធ្វើការចែករំលែកបទពិសោធន៍ប្លែកៗ គ្នាដូចជា៖ ប្រធានបទទី ១៖ជំហ៊ានដែលត្រូវអនុវត្ត ដើម្បីក្លាយជាគិលានុបដ្ឋាកមធ្យម,ទី ២៖ហេតុអ្វីបានជា ក្តីសុបិន្តមានសារៈសំខាន់,ទី ៣៖ ការរៀបចំពេលវេលាសម្រាប់អនាគត និងទី ៤ ការដោះស្រាយបញ្ហា។ ក្នុងនោះផងដែរយើងបានសង្កេតឃើញថាមានអ្នកចូលរួមចំនួន ២៤៥ នាក់ដែលភាគច្រើន មកពីថ្នាក់ទី ១២ និងមួយចំនួន មកពីថ្នាក់ទី ៩។ ក្រោយពេលបញ្ចប់នូវព្រឹត្តិការណ៍សិស្សបានបង្ហាញពីការចាប់អារម្មណ៍ខ្លាំង និងយល់ដឹងបានច្រើនអំពីប្រធានបទដែលវាគ្មិនបានបកស្រាយ។ ខាត់ សុបិន្ត ជាសិស្សម្នាក់ដែលបានចូល រួមក្នុងព្រឹត្តិការណ៍នោះបានលើកឡើងថា “នេះជាឱកាសដ៏ប្រសើរសម្រាប់ពួកគេអាចក្រេបយកចំណេះដឹង ល្អៗពីអ្នកដែលមានបទពិសោធដើម្បីយកទៅគិតពិចារណា និងជាគន្លឹះមួយដែលអាចជួយឲ្យពួកគេសម្រេច បានដល់អ្វីដែលពួកប៉ងប្រាថ្នា។សំណូមពរឲ្យមានព្រឹត្តិការណ៍នេះកើតឡើង រៀងរាល់២ខែម្តងទៀតផង។ កញ្ញា លឹម លីដា ជាប្រធានគម្រោង និងជាអ្នករៀបចំព្រឹត្តិការណ៍បានបន្ថែមថាយើងរំពឹងទុកថាអ្នកដែលចូលរួម ក្នុងព្រឹត្តិការណ៍មានតែ១៥០នាក់ប៉ុណ្ណោះក៏ប៉ុន្តែលទ្ធផលល្អដែលយើងទទួលបានគឺមានអ្នកចូលរួមរហូតដល់ ២៤៥នាក់៕